រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ ពិនិត្យលើការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្ដាល

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល រួមជាមួយកងកម្លាំង និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្ដេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំង ទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams តាមគោលការណ៍រាជរដ្ឋាភិបាល បង្ក្រាប និងបោសសំអាត មិនឱ្យកើតមានក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ការថ្លែងប្ដេជ្ញាចិត្តរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំ ពិនិត្យលើការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្ដាល ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីកងកម្លាំងទាំងបី មន្ទីរជំនាញជុំវិញខេត្ត អភិបាលក្រុង-ស្រុក អធិការនគរបាលក្រុង-ស្រុក ទាំង១៣ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ មេឃុំ-ចៅសង្កាត់ ស្មៀន ទាំង១២៧ ឃុំ-សង្កាត់ទូទាំងខេត្តកណ្ដាល។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ ការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams គឺជាភារកិច្ចរបស់គណបញ្ជាការឯកភាព ដោយមានកិច្ចសហការជាមួយព្រះរាជអាជ្ញារ និងតុលាការខេត្ត ក្នុងការបង្ក្រាប និងបោសសម្អាត ដែលកំពុងលួចប្រព្រឹត្ត បទល្មើសខុសច្បាប់ឱ្យអស់ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងទាំងអស់ ត្រូវហាមជនបរទេស មកជ្រក ស្នាក់ ឬរស់នៅប្រមូលផ្ដុំដោយគ្មានការអនុញ្ញាត្ត ឬប្រមូលផ្ដុំដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្ររបស់ខ្លួនឡើយ ហើយមន្ត្រីទាំងអស់មិនត្រូវជាប់ពាក់ព័ន្ធជាមួយការប្រមូលផ្ដុំរបស់ជនបរទេសដែលខុសច្បាប់ទាំងនោះឡើយ ដែលអាចប្រឈមទៅនឹងច្បាប់ជាធរមាន ពិសេសសម្រាប់អ្នកដែលមានផ្ទះជួល ត្រូវហាមដាច់ខាតមិនត្រូវជាប់ពាក់ព័ន្ធជាមួយការប្រមូលផ្ដុំរបស់ជនបរទេសដោយគ្មានច្បាប់ឡើយ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានលើកទឹកចិត្តដល់មន្ត្រីរាជការ កងកម្លាំងទាំងអស់ ត្រូវចលនាប្រជាពលរដ្ឋ ធ្វើជាភ្នែក ជាច្រមុះរបស់យើង បើមានការសង្ស័យអោយគាត់រាយការណ៍មកយើង ហើយត្រូវរក្សាការសំងាត់អោយគាត់ ដើម្បីមានវិធានការចាត់ការតាមច្បាប់បានទាន់ពេលវេលា ចំពោះការប្រមូលផ្ដុំរបស់ជនបរទេសដោយខុសច្បាប់។ យើងទាំងអស់គ្នា ត្រូវរួមគ្នាដោះស្រាយបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams អោយបាន កុំអោយរាជរដ្ឋាភិបាលមានការខ្វាយខ្វល់ជាមួយនឹងបញ្ហានេះ ទុកពេលអោយថ្នាក់ដឹកនាំរបស់យើង មានពេលក្នុងការការពារបូរណភាពទឹកដី ស្របពេលដែលមានសត្រូវមកឈ្លានពានប្រទេសរបស់យើង។

អត្ថបទទាក់ទង