រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ត្រីជំនាញនៃក្រសួងក្រសួងរ៉ែ និងថាមពល លើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយទន្លេមេគង្គ ក្នុងស្រុកល្វាឯម

មន្ត្រីជំនាញនៃក្រសួងក្រសួងរ៉ែ និងថាមពល លើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយទន្លេមេគង្គ ក្នុងស្រុកល្វាឯម និងស្រុកកៀនស្វាយ សូមរាយការណ៍ទៅក្រសួង ក្នុងករណីដែលក្រុមហ៊ុនបូមខ្សាច់ បូមខុសទីតាំង និងម៉ោងដែលបានកំណត់ ការថ្លែងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋបែបនេះ គឺធ្វើឡើងនៅក្នុងវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងការធ្វើអាជីវកម្មខ្សាច់ ស្ថិតនៅតាមដងទន្លេមេគង្គ ក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ និងឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្ដាល និងលោក កែវ ទួត អគ្គនាយករង អគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួង រ៉ែ និងថាមពល នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅវបរិវេណវត្តជ្រៃបឹងគ្រំ ស្ថិតនៅភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។ លោក កែវ ទួត អគ្គនាយករង អគ្គនាយកដ្ឋានធនធានរ៉ែ បានលើកឡើងថា៖ បងប្អូនប្រជាពលរដ្ឋនៅតាមដងទន្លេទាំងអស់ មេត្តាចូលរួមតាមដាននូវរាល់សកម្មភាពនានាដែលខុសពីលក្ខខ័ណ្ឌរបស់ក្រសួងក្នុងការបូមខ្សាច់ ដូចជាបូមខ្សាច់លើសម៉ោងកំណត់ បូមខុសទីតាំងដែលក្រសួងបានកំណត់ និងការដឹកជញ្ជូនខ្សាច់ខុសបទដ្ឋានបច្ចេកទេស ត្រូវរាយការណ៍មកអាជ្ញាធរ និងក្រសួងជាបន្ទាន់តាមរយៈលេខទូរស័ព្ទលេខ 095 727 727 បានគ្រប់ពេលវេលា ហើយថែមទាំងរក្សានូវការសម្ងាត់ជូនផងដែរ ដើម្បីឱ្យក្រសួងចាត់វិធានការផាកពិន័យ ឬអាចឈានទៅដល់ការបិទអាជីវកម្មតែម្ដង។ លោកអគ្គនាយករង បានបញ្ចាក់ថា៖ ខាងក្រសួងក៏ដូចជាអាជ្ញាធរខេត្ត បានតម្រូវឱ្យក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់ ត្រូវអនុវត្តឱ្យបានតាមកិច្ចសន្យា និងលក្ខខណ្ឌដែលមានក្នុងអាជ្ញាប័ណ្ណ មិនត្រូវបូមនៅខុសពីកន្លែងដែលបានកំណត់ ឬបូមកៀកច្រាំងទន្លេជាដាច់ខាត ករណីធ្វើខុសកិច្ចសន្យា អាចប្រឈមនឹងការផាកពិន័យតាមច្បាប់កំណត់ ឬបិទអាជ្ញាប័ណ្ណតែម្ដង។ ក្នុងឱកាសនោះដែរ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ស្របពេលដែលប្រទេសយើងកំពុងតែមានការអភិវឌ្ឍដូចច្នេះ ខ្សាច់ដែលបានមកពីអាជីវកម្មនេះ គឺសំខាន់ណាស់ សម្រាប់យកទៅកសាងហេដ្ឋារចនាសម្ពន្ធ័ សាលារៀន អាគារផ្សេងៗ និងដើម្បីចាក់បំពេញទីតាំងមួយចំនួន ដើម្បីប្រយោជន៍ក្នុងការងារអភិវឌ្ឍនៅនាមមូលដ្ឋាន។ ឯកឧត្តម អភិបាលរងខេត្ត បានបន្តទៀតថា៖ ក្រុមហ៊ុនមុននឹងធ្វើអាជីវកម្មនៅទីនេះ គឺក្រសួងធនធានទឹក និងឧតុនិយម បានសិក្សាអំពី លំហូរទឹកទន្លេ ល្បឿនទឹក ស្ថានភាពច្រាំង និងកិច្ចការបច្ចេកទេសសំខាន់ៗច្បាស់លាស់ណាស់ ចំណែកក្រសួងបរិស្ថានវិញបានសិក្សាអំពីហេតុប៉ះពាល់បរិស្ថាន ពិនិត្យជីវចម្រុះដែលមាន ដូចជា ត្រី និងសត្វដែលរស់នៅក្នុងទឹកមួយចំនួនទៀត ហើយក្រសួងទាំងពីរចេញសេចក្តី បញ្ជាក់ជូន ទើបក្រុមហ៊ុន ចាប់ផ្តើមដាក់ពាក្យសុំធ្វើអាជីវកម្មមកក្រសួងរ៉ែ និងថាមពល ដើម្បីទទួលបានអាជ្ញាបណ្ណស្របច្បាប់ មុនពេលធ្វើប្រតិបត្តការ។

អត្ថបទទាក់ទង