+++++++++++ខេត្តកណ្តាល៖ ប័ណ្ណកម្មសិទ្ធិដីធ្លី ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៨,៥៥១ប័ណ្ណ ត្រូវបានអាជ្ញាធរខេត្តកណ្ដាល និងមន្ទីរជំនាញចែកជូនប្រជាពលរដ្ឋចំនួន ៦ភូមិ រួមមាន៖ ភូមិឈើទាល ក្នុងឃុំព្រែកអញ្ចាញ ភូមិឈើទាលភ្លោះ ភូមិក្រងស្វាយ ភូមិស្វាយអំពារ ភូមិថ្មី ក្នុងឃុំស្វាយអំពារ និងភូមិសាមគ្គី ក្នុងឃុំព្រែកដំបង ស្រុកមុខកំពូល។ ដែលពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ធ្វើឡើងក្រោមអធិបតី ឯកឧត្តម ចយ សុបិន សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរស្រុកមុខកំពូល មន្ទីរជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរូប។ថ្លែងក្នុងពិធីនេះ ឯកឧត្តម តាំង ម៉េងលាន បានមានប្រសាសន៍ថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់។ ឯកឧត្តមអភិបាលរងខេត្ត បានបន្ថែមថា ការទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ បានស្ដែងចេញឱ្យឃើញពីការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។ឯកឧត្តមអភិបាលរងខេត្ បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺបញ្ជាក់បានថា ដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន និងកាត់បន្ថយជម្លោះ ហើយថែមទាំងងាយស្រួលក្នុងការទិញលក់ផងដែរ។លោក យី យ៉េន អភិបាលស្រុកមុខកំពូល បានគូសបញ្ជាក់ថា តាមការចង្អុលបង្ហាញ និងណែនាំដោយផ្ទាល់ពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លទ្ធផលនៃការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ សម្រាប់ស្រុកមុខកំពូល ដែលមានចំនួន ៧ឃុំ ស្មើនឹង ៣៩ភូមិ បានបញ្ចប់ការវាស់វែងទាំងស្រុង ស្មើនឹង១០០% និងបានចុះបញ្ជីចប់ចំនួន ៥ឃុំ សរុប ៣១ភូមិ សម្រេចចេញប័ណ្ណចំនួន ៣១ ភូមិ ស្មើនឹង ២១,៧៣០ក្បាលដី និងចែកប័ណ្ណបានចំនួន ១៣,៧៣១ក្បាលដី។ ដោយឡែក ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅថ្ងៃនេះ សរុបចំនួន ៦ភូមិ ស្មើនឹងចំនួន ៨,៥៥១ប័ណ្ណ។










