+++++++++++++ខេត្តកណ្តាល៖ កិច្ចប្រជុំពិគ្រោះយោបល់ភាគីពាក់ព័ន្ធថ្នាក់ខេត្ត ស្តីពីការកាត់បន្ថយការបំភាយឧស្ម័នមេតានក្នុងវិស័យកសិកម្មនៅកម្ពុជា គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្ហាញអំពីទស្សនទាន និងគោលដៅរបស់គម្រោងឥណទានកាបួនសម្រាប់ បច្ចេកទេសស្ងួត-សើម (AWD) នៅខេត្តកណ្តាល ក្នុងការប្រមូលផ្តុំធាតុចូល ព័ត៌មានត្រឡប់ និងការរំពឹងទុករបស់ភាគឺពាក់ព័ន្ធ ដោយផ្តោតលើការកំណត់ឱកាស បញ្ហាប្រឈម និងអនុសាសន៍ជាក់លាក់នានានៅកម្រិតរដ្ឋបាលខេត្ត និងក្រុង-ស្រុក ដើម្បីជំរុញការយល់ដឹង និងការចូលរួមយ៉ាងសកម្មពីសំណាក់ភាគីពាក់ព័ន្ឋ ក្នុងការរៀបចំផែនការសកម្មភាព និងការពិភាក្សាអំពីតួនាទីសម្រាប់ការសម្របសម្រួលក្នុងជំហានអនុ វត្តជាបន្តបន្ទាប់ទៀត។ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល បានលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ភាគីពាក់ព័ន្ធថ្នាក់ខេត្ត ស្តីពីការកាត់បន្ថយការបំភាយឧស្ម័នមេតានក្នុងវិស័យកសិកម្មនៅកម្ពុជា ដែលបានរៀបចំឡើងនៃព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការជាដៃគូនានាផងដែរន។ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះគឺ បានសង្កត់ធ្ងន់ទៅលើការកសាងភាពជាដៃគួរល្អរវាងតួអង្គពាក់ព័ន្ឋសំខាន់ៗដូចជាៈ ស្ថាប័នសាធារណៈទាំងថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងប្រជាកសិករ សំដៅធ្វើយ៉ាងណាអាចចូលរួមចំណែកតិច ឬ ច្រើនតាមលទ្ឋភាពរបស់ខ្លួន ក្នុងការការកាត់បន្ថយការបំភាយឧស្ម័នមេតាន ក្នុងវិស័យកសិកម្មនៅកម្ពុជា និងការអនុវត្តបច្ចេកទេសស្ងួត-សើម (AWD) សម្រាប់វិស័យកសិកម្មនៅមូលដ្ឋាន។ ឯកឧត្តមអភិបាលរងខេត្ត បានបន្ថែមថា បច្ចេកទេសស្ងួត-សើម (AWD) ជាវិធីសាស្ត្រក្នុងការដាំដុះស្រូវប្រកបដោយចីរភាព ដែលអាចជួយកាត់បន្ថយការប្រើប្រាស់ទឹក កាត់បន្ថយការចំណាយ និងការបំភាយឧស្ម័នដែលអាចធ្វើកើនកម្ដៅក្នុងផែនដី។ វាជាមេកានិចសំខាន់មួយសម្រាប់ជំរុញវិស័យកសិកម្មឲ្យមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ បន្ថែមសមត្ថភាពប្រើប្រាស់ធនធានយ៉ាងមានប្រសិទ្ឋភាព ដោយមិនប៉ះពាល់ដល់ផលិតកម្មស្រូវ។ ឯកឧត្តមអភិបាលរងខេត្ត បានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ប្រសិនបើភាគីពាក់ព័ន្ធទាំងអស់ចូល រួមយ៉ាងសកម្មក្នុងការរួមចំណែកអនុវត្តគម្រោងនេះ វាមិនមែនមានផលប្រយោជន៍សម្រាប់តែអង្គការសង្គមស៊ីវិលដែលជាអ្នកអនុវត្តគម្រោងប៉ុណ្ណោះទេ គឺយើងទាំងអស់គ្នា ជាពិសេសប្រជាកសិករផ្ទាល់នេះឯង គឺជាអ្នកទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងការអនុវត្តគម្រោងនេះ។ នាឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានគាំទ្រ និងបានស្នើដល់ក្រុមហ៊ុនសេងកាបួន (ThankCarbon Inc.) ប្រចាំប្រទេសកម្ពុជា ដែលជាអ្នកគាំទ្រមូលនិធិអនុវត្តគម្រោងនេះ សូមបន្តការគាំទ្របន្ថែមទៀតក្នុងការពង្រីកវិសាលភាពក្នុងគម្រោងខាងលើ ព្រោះការគាំទ្រ និងចូលរួមបែបនេះ គឺស្របនឹងទស្សនទាននៃអភិបាលកិច្ច ដែលតួអង្គសំខាន់ៗនៃអភិបាលកិច្ចល្អ គឺ រួមមាន៖ រដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល ដែលត្រូវចេះធ្វើការរួមគ្នាដើម្បី ផលប្រយោជន៍សាធារណៈ ជាពិសេសផលប្រយោជន៍របស់ប្រជាពលរដ្ឋរបស់យើង។










