+++++++++++++++++++++++++ខេត្តកណ្តាល៖ នាសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូសាខា និងអនុសាខាកាកបាទក្រហមក្រុងតាខ្មៅ បានចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន០១គ្រួសារ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ ឯកឧត្តម គួច ចំរើន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត។ ស្ថិតក្នុងឱកាសដ៏មហាក្រៀមក្រំនេះដែរ ឯកឧត្តម គួច ចំរើន មានសេចក្តីរន្ធត់ចិត្ត និងសោកសៅឥតឧបមា ពេលបានទទួលដំណឹងថា លោក សុខ ផល បានទទួលមរណភាព ដោយគ្រោះថ្នាក់អគ្គីភ័យ។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគចំពោះការបាត់បង់ លោក សុខ ផល ដែលជាការបាត់បង់នូវ ស្វាមី លោកឪពុក បងប្រុស ប្អូនប្រុស ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះករណីគ្រោះអគ្គិភ័យ ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ចរន្តអគ្គិសនីជាដើម បើយើងមានការធ្វេសប្រហែល នោះវាអាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារៈដ៏មានតម្លៃរបស់យើង ពិសេសជីវិតមនុស្ស និងសត្វផងដែរ។ ឯកឧត្តម ក៏បានផ្តល់នូវការលើកទឹកចិត្តដល់គ្រួសារជនរងគ្រោះ ដែលត្រូវបានភ្លើងឆាបឆេះផ្ទះសម្បែង មិនត្រូវបាក់ទឹកចិត្ត និងអស់សង្ឃឹមឡើយ ត្រូវបន្តការខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។ សូមបញ្ជាក់ផងដែរថា នៅយប់ម៉ោង២៣នឹង៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ មានអគ្គីភ័យភ្លើងឆេះផ្ទះ នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល បណ្ដាលឱ្យលោក សុខ ផល អាយុ៣៧ឆ្នាំមុខរបរកម្មកររោងចក្របានស្លាប់ក្រោយបញ្ជូនមកមន្ទីពេទ្យបង្អែកជ័យជំនះ និងលោកស្រី សុខ ឃីម អាយុ៤៨មុខរបរកម្មកររោងចក្ររបួសធ្ងន់បញ្ជូនមកព្យាបាលនៅពេទ្យជ័យជំនះ។សម្ភារអំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ រួមមាន៖ អង្ករ ២០០គីឡូក្រាម, ទឹកសុទ្ធ ១០កេស, ទឹកក្រូច ៥កេស, មីខ្លាឃ្មុំ ៥កេស និងថវិការបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចំនួន២លានរៀល ព្រមទាំងថវិការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ចំនួន២លានរៀល ផ្ដល់ជូនគ្រួសារសពយកទៅធ្វេីបុណ្យតាមប្រពៃណី។









