+++++++++++ខេត្តកណ្តាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល អំពាវនាវដល់ប្រជាពលរដ្ឋម្ចាស់ក្បាលដី ចំនួន ០៧ភូមិ ស្ថិតនៅភូមិខ្ពបក្រោម ភូមិរកាលើ ភូមិរកាក្រោម ភូមិកោះថ្មី ភូមិដំរីឆ្លង ភូមិព្រៃទទឹង និងភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង អញ្ជើញមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន ដែលមានរយៈពេល១៥ថ្ងៃ គិតចាប់ពី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាកំណត់ មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន។ ការអំពាវនាវនេះធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ក្នុងពិធីពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ នៅបរិវេណវត្តខ្ពប។ ឯកឧត្តមអភិបាលរងខេត្ត បន្តថា៖ ការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ ក្រោយការបិទផ្សាយនេះសូមបងប្អូនម្ចាស់ដីទាំងអស់ត្រូវរួសរាន់មកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី និងព័ត៌មានផ្សេងៗ រួមមានឈ្មោះម្ចាស់ដី ឬឈ្មោះអ្នកកាន់កាប់ដី, ប្រភេទទ្រព្យ, ឆ្នាំកំណើត, លេខអត្តសញ្ញាណបណ្ណ, ទីកន្លែងកំណើត, ឈ្មោះឪពុកម្តាយ, ប្រភេទដី និងការប្រើប្រាស់ដី រូបរាងដី ទីតាំងដី ទំហំដី និងលេខក្បាលដី ជាដើម បើមានកំហុសឆ្គងណាមួយ អាចធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដូចបានបិទផ្សាយបង្ហាញនៅលើប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដីស្រាប់។ ហើយការជំទាស់តវ៉ាអាចធ្វើបានអំឡុងពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយក្នុងរយៈពេល ១៥ថ្ងៃនេះគណៈកម្មការរដ្ឋបាល និងមន្រ្តីសុរិយោដី នឹងនៅប្រចាំការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយ ទទួលពាក្យបណ្តឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ តាមការព្រមព្រៀង។ ឯកឧត្តមអភិបាលរងខេត្ត បន្ថែមថា៖ អាជ្ញាធររដ្ឋបាលដីធ្លីខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋ ម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ ជាឯកសារសំអាងរឹងមាំ ពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើនទៀតផង។ ជាមួយគ្នានោះឯកឧត្តមអភិបាលរងខេត្ត ក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាននឹងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅតាមតំបន់គោលដៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តមបានធ្វើការក្រើនរម្លឹកដល់មន្ត្រីជំនាញ អាជ្ញាធរគ្រប់ជាន់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់ចូលរួមសហការឱ្យបានល្អថែមទៀត ដើម្បីជំរុញឱ្យការអនុវត្តនី តិវិធីនៃការចុះបញ្ជីដីធ្លីនេះប្រព្រឹត្តទៅដោយភាពរលូន និងជោគជ័យ។









